(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់ សម្តេចតជោ ឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ២៥គ្រួសារ ដែលរស់ខេត្តស្វាយរៀង ដែលបានរៀបចំឡើងនៅក្នុងវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានការនឹករលឹក និងបារម្ភពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយអត់ឃ្លាន ហើយគ្មានការជួយឧបត្ថម្ភដោះស្រាយនោះឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់គូសបញ្ជាក់បន្ថែមថា៖ «បងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។ គឺជានិមិត្តរូបនៃលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងការតស៊ូ រំដោះជាតិ និងចូលរួមអនុវត្តនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញ ជូនដល់ប្រជាជាតិកម្ពុជារហូតដល់សព្វថ្ងៃ»។
ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ សម្តេចកិត្តិសង្គហបណ្ឌិតក៏នាំបានប្រគល់ជូននូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ដល់គ្រួសារអតីតយុទ្ធជនទាំង ២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ១បេ, មីយើង ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, សារុង ១, ក្រម៉ា ១, អំពូល សឡា ២ ថ្នាំពេទ្យ ១កញ្ចប់ និង ថវិកា ២០ម៉ឺនរៀល។
ជាការឆ្លើយតបនឹងកាយវិការសប្បុរសធម៌ដ៏ឧត្តុង្គឧត្តមនេះ ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងមិនដែលបោះបង់បងប្អូនអតីតយុទ្ធជនចោលក្នុងគ្រាលំបាកនោះឡើយ ព្រមទាំងបានបួងសួងជូនពរដល់សម្តេច និងថ្នាក់ដឹកនាំទាំងអស់ មានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំ និងជាម្លប់ដល់បងប្អូនអតីតយុទ្ធជនតទៅមុខទៀត៕















