(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាលបាលនៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន លោកជំទាវ រស់ សូយឿ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។
ជាការឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ក្រុមគ្រួសាររបស់ឯកឧត្តម និងសូមអរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាននាពេលនេះ។
ជាថ្មីម្តងទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មហិទ្ធិឫទ្ធិ បុណ្យបារមីដ៏ខ្លាំងក្លានៃទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា អភិបាលប្រោះព្រំ លោកជំទាវ រស់ សូយឿ ឆាប់បានជាសះស្បើយ និងសូមទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ និងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕











