(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាន និងកិច្ចការងារមួយចំនួនផ្សេងទៀត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន ៩២ប្រទេសជុំវិញពិភពលោក។
ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ទទួលបានជោគជ័យ ទៅតាមការគ្រោងទុក នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈកម្មការថ្នាក់រាជធានី ក្នុងការត្រៀមលក្ខណៈទទួលភារកិច្ចក្នុងអំឡុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមជាអធិបតីពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៤ផ្សេងទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦នេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុបចំនួន៩២ប្រទេសជុំវិញពិភពលោក ក្នុងនោះ លោកប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសមួយចំនួនទៀតក៏នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីឱ្យកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះទទួលបានជោគជ័យតាមការគ្រោងទុក។ បន្ថែមពីនេះ ការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានា អនាម័យបរិស្ថាននិងកិច្ចការងារមួយចំនួនផ្សេងទៀត ត្រូវរៀបចំឡើងឱ្យបានស្អាតព្រមៗគ្នា។
ជាងនេះទៅទៀត ឯកឧត្ដម ឃួង ស្រេង បានអះអាងថា ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំកំពូលនេះ រាល់ការបង្ហោះដ្រូនឯកជនត្រូវបានហាមដាច់ខាត កប៉ាល់ និងសាឡង់ដឹកខ្សាច់ក៏ត្រូវហាមធ្វើចរាចរតាមដងទន្លេ ឯចំណែកទូក និងកាណូតទេសចរណ៍ក៏ត្រូវផ្អាកអាជីវកម្មជាបណ្តោះអាសន្ត តែសម្រាប់ផ្លូវថ្មើជើងចតុមុខ នឹងត្រូវបើកដំណើរការជាធម្មតា។ ចំពោះការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចេញសេចក្តីណែនាំស្តីពីការចូលរួមថែរក្សាសោភណ្ឌភាព អនាម័យបរិស្ថាន និងរបៀបរៀបរយសាធារណៈ ព្រមទាំងសេចក្តីជូនដំណឹងអំពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងព្រឹត្តការណ៍នេះផងដែរ៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
















