(ព្រះសីហនុ)៖ នៅវេលាម៉ោង០០:១០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅហាងបាយថូវប៉ាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តចំនួន ៤០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ជាលទ្ធផល កម្លាំងចម្រុះបាននាំខ្លួនមនុស្សសរុបចំនួន ១៥នាក់ (ស្រី ០៥នាក់) ក្នុងនោះមានបុគ្គលិកអនឡាញជនជាតិចិន ០៨នាក់ (ស្រី ០១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ម្ចាស់ហាងជនជាតិចិន ០៤នាក់ (ស្រី ០១នាក់) និងសាក្សីជនជាតិខ្មែរ ០៣នាក់ (ស្រី)។ ក្រៅពីនេះ ក៏បានដកហូតវត្ថុតាងមួយចំនួនធំ រួមមាន រថយន្ត ០១គ្រឿង ម៉ាក TOYOTA LANDCRUISER, ទូរដែក ០៣, ទូរសព្ទដៃ (ប្រើប្រាស់ផ្ទាល់ខ្លួន) ១៧គ្រឿង, កុំព្យូទ័រយួរដៃ ២២គ្រឿង, ទូរសព្ទដៃ (អនឡាញ) ១១២គ្រឿង, កាបូបដាក់ប្រាក់ ០២, លិខិតឆ្លងដែន ០៣ក្បាល, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ០១សន្លឹក, សៀវភៅការងារជនបរទេស ០៣សន្លឹក, កាតធនាគារ ០៧សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិចិន ០៤សន្លឹក, ក្តារចុចមួយចំនួន និងគ្រឿងអេឡិចត្រូនិកមួយចំនួនទៀត។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញអាវុធហត្ថកំពុងបន្តធ្វើការសាកសួរតាមនីតិវិធី ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ៕









