(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះជនសង្ស័យ ០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនសង្ស័យ០១នាក់ទៀតត្រូវបញ្ជូនទៅបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀន។
ការបង្រ្កាបគ្រឿងញៀនទាំង០២ករណីរួមមាន៖
ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចខ្ទមទុកចោល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន ០៤កញ្ចប់, ដបសម្រាប់ជក់គ្រឿងញៀនចំនួន១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំងបីនាក់រួមមាន៖១.ឈ្មោះ កែវ សុធា អាយុ ៤០ឆ្នាំ, ២.ឈ្មោះ ម៉េង ថាវរី អាយុ ៣០ឆ្នាំ, ៣.ឈ្មោះ វី ដាវីន អាយុ ២១ឆ្នាំ។
ករណីទី២៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៤៥នាទី ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋប្តឹងថាមានបុរសម្នាក់ឈ្មោះ លី វីណា ភេទប្រុស អាយុ ២៨ឆ្នាំ មានសភាពបែកថ្នាំ ធ្វើសកម្មភាពអុកឡុក និងបង្កហិង្សាក្នុងគ្រួសារនៅចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានបណ្ដឹងខាងលើ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះដល់ទីតាំងកើតហេតុភ្លាមៗ ធ្វើអន្តរាគមន៍ឃាត់ខ្លួនជនបង្កបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនស្រុកកណ្ដាលស្ទឹង។




