កម្ពុជាបង្ហាញនូវគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ (ASEAN Ministers Responsible for Information) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជា ការពង្រឹងមជ្ឈមណ្ឌលផ្លាស់ប្តូរខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ការពង្រីកកម្មវិធីអក្ខរកម្មឌីជីថល និងកម្មវិធីភាពធន់នឹងប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតមណ្ឌលប្រព័ន្ធផ្សព្វផ្សាយយុវជន (Youth Media Lab) ការអភិវឌ្ឍក្របខ័ណ្ឌទំនាក់ទំនងតំបន់ក្នុងពេលនៃវិបត្តិ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងជូនថ្នាក់ដឹកនាំមកពីបណ្តាលប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ពីហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងបានអំពាវនាវដល់កិច្ចប្រជុំឱ្យពិនិត្យពិចារណាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានឆ្នាំ ២០២៥ របស់កម្ពុជា ដោយកត់សម្គាល់ថា អ្នកសារព័ត៌មានជាង ៨១% បានចាត់ទុកសេរីភាពសារព័ត៌មានមាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។ Read more