ឯកឧត្តម ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញមកដល់កម្ពុជានៅវេលាម៉ោង១៥:៣០ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ការមកដល់របស់ ឯកឧត្តម ម៉ាកូស គឺមានការទទួលដោយផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកា រគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមានមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ម៉ាកូស នឹងអញ្ជើញ ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដើម្បីពិភាក្សាស៊ីជម្រៅ លើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និង ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក។ ភាគីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និង អន្តរជាតិនានាដែលជាចំណាប់អារម្មណ៍រួម។ ឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏នឹងត្រូវបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចនេះ។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន​ចាប់ផ្តើមពី​ថ្ងៃទី១០-១១ ខែកម្ភៈ។ ជាដំណើរទស្សនកិច្ច ​តបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ ក្រោយមកទៀត នៅថ្ងៃទី ២៧ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Ferdinand R. Marcos Jr. បានស្កាត់ជួបគ្នាម្តងទៀត នៅពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី។

ក្នុងជំនួបកន្លងទៅមេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាអំពីវិស័យសក្ដានុពលសំខាន់ៗមួយចំនួន ជាអាទិ៍៖ ឌីជីថល បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI), សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs), ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាកម្មថែទាំសុខភាព, ទេសចរណ៍, ព្រមទាំងសន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចពិភាក្សាលម្អិតលើវិស័យសក្តានុពលខាងលើ ដើម្បីជំរុញឱ្យចេញជាសកម្មភាពជាក់ស្ដែង៕