ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលប្រជុំអគារថ្មី នៃសាលារាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានី នាយករដ្ឋបាលសាលារាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានសាខាពន្ធដាររាជធានី ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាសណ៩០រូប។

សូមបញ្ជាក់ជូនថា ការចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី/ខេត្តគោលដៅមួយចំនួន គឺជាការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឯកភាពចាត់ឱ្យមានក្រុមការងារអន្តរក្រសួងរួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និងប្រមូលរាល់មតិយោបល់ សំណូមពរនានា ដើម្បីរួមគ្នាដាក់ចេញនូវវិធានការគន្លឹះៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។