(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅរដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកិច្ចប្រជុំជាមួយលោកនាយក លោកស្រីនាយិកា គ្រឹះស្ថានសិក្សារដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ ការលក់ដូរជុំវិញរបងសាលា ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
ក្នុងនោះលោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានស្នើឱ្យលោកនាយក លោកនាយិកា ជំរុញការរៀបចំ អនាម័យ បរិស្ថានក្នុងទីធ្លាសាលា ឱ្យមានសោភណ្ឌភាពស្អាត សមជាទីកន្លែងបណ្តុះបណ្តាល យុវជន យុវតី ជាទំពាំងស្នងប្ញស្សីសំរាប់សង្គមជាតិ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌដូនពេញ សំណូមពរដល់សាលារដ្ឋទាំងអស់ ជួយធ្វើការផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹងពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស។ល។











