(ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការចុះធ្វើការត្រួតពិនិត្យ តាមដានរបៀបរបបការងារ សិក្សាពីតម្រូវការជាក់ស្តែងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងពង្រឹងវិន័យកងកម្លាំង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ នៃអធិការដ្ឋាននគរបាលស្រុកបាកាន។
ក្នុងឱកាសនោះ លោកស្នងការ បានធ្វើការត្រួតពិនិត្យលើការអនុវត្តការងារប្រចាំថ្ងៃ របៀបរបបការងារ ការរៀបចំឯកសារ ការបម្រើសេវាសាធារណៈ និងការអនុវត្តផែនការសកម្មភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងបានស្តាប់ នូវសំណូមពររបស់មន្ត្រីនគរបាល ដើម្បីស្វែងរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានមានប្រសាសន៍ណែនាំ និងបញ្ជាក់បន្ថែមដល់កងកម្លាំងនគរបាលរដ្ឋបាល ឱ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ ដូចជា ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋ និងជនបរទេស ចំណូល-ចំណាកស្រុកឱ្យបានទៀងទាត់។ ត្រួតពិនិត្យឯកសារជនបរទេសដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ និងស្របតាមច្បាប់។ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាព។ តាមដាន និងត្រួតពិនិត្យទីតាំងដែលអាចបម្រើដល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ ដើម្បីបង្ការ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ តាមដានជាប្រចាំនូវមុខសញ្ញាខិលខូចដែលឆ្លៀតឱកាសបង្ហោះព័ត៌មានបំភ្លៃ ប៉ះពាល់ដល់កិត្តិយស និងគុណតម្លៃរបស់មន្ត្រីនគរបាលជាតិ។ ដាច់ខាតមិនត្រូវទទួលភាគលាភ ឬឃុបឃិតជាមួយរាល់បទល្មើសគ្រប់ប្រភេទ។ ត្រួតពិនិត្យទីតាំងស្នាក់នៅ និងទីតាំងអាជីវកម្មផ្សេងៗ ដើម្បីទប់ស្កាត់ និងបង្ការបទល្មើស Online Scam។ ពង្រឹងវិន័យកងកម្លាំង ដោយត្រូវគោរពវិន័យ អនុវត្តការងារតាមបទបញ្ជា និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។ ពង្រឹងការអនុវត្តផែនការសកម្មភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យមានប្រសិទ្ធភាព។ ថែរក្សាអនាម័យ និងបរិស្ថានក្នុងអង្គភាពឱ្យស្អាត មានសណ្តាប់ធ្នាប់ជាប្រចាំ។ ពង្រឹងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងរៀបចំវេទិកាសាធារណៈ ដើម្បីលើកកម្ពស់កិច្ចសហការរវាងនគរបាល និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ ស ថេង បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលរដ្ឋបាលគឺជាកម្លាំងនៅជួរមុខ ដែលមានតួនាទីសំខាន់ក្នុងការបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន។ ដូច្នេះ មន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ ដើម្បីបន្តពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលជាតិ។ ក្នុងឱកាសនោះដែរ លោកស្នងការប្រគល់ថវិកាឧបត្ថម្ភចំនួន២០ម៉ឺនរៀល ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបី ដើម្បីជាជំនួយក្នុងបម្រើការងារប្រចាំថ្ងៃ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់












