ថ្នាក់ដឹកនាំខេត្តកណ្តាល ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ

(ខេត្តកណ្តាល)៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃ និងវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជាងនេះទៅទៀតត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារដោះស្រាយបញ្ចប់វិវាទទាំងអស់នោះឱ្យទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម នុត ពុធដារ៉ា បានលើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា វឌ្ឍនភាពនៃការឆ្លើយតបលិខិតរបស់ក្រសួងមហាផ្ទៃ និងការងារសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់ថា កិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនលើការងារដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពទាន់ពេលវេលា ពិសេសជួយជំរុញដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋ នៅគ្រប់កាល:ទេស:។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តបានក្រោមរំលឹកទៅដល់អាជ្ញាធរក្រុង-ស្រុក សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាននៅរាល់មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋដែលបានបញ្ចេញនៅតាមផេកក្រសួងមហាផ្ទៃ ក៏ដូចជាផេករបស់រដ្ឋបាលក្រុង-ស្រុកផ្ទាល់ ករណីឆ្លើយតបបានភ្លាមៗយើងត្រូវឆ្លើយតប និងពន្យល់ទៅដល់ពួកគាត់ឱ្យបានទាន់ពេលវេលា ករណីដែលមិនអាចឆ្លើយតបបានភ្លាមៗក៏យើងត្រូវតែធ្វើការទាក់ទងទៅកាន់ពួកគាត់ ដើម្បីរង់ចាំដំណោះស្រាយជាបន្តបន្ទាប់ទៀត ចៀសវាងដាច់ខាតមិនត្រូវទុកចោលនៅរាល់បញ្ហាក៏ដូចជាសំណូមពរដែលបានលើកឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋឡើយ។

សូមជម្រាបថា ករណីបណ្ដឹងរបស់មហាជនដែលមានមតិយោបល់ ឬសំណូមពរក្នុងគេហទំព័រហ្វេសបុករបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ដែលក្រសួងមហាផ្ទៃធ្លាប់បានបញ្ជូនមករដ្ឋបាលខេត្ដ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ សរុបមានចំនួន ៩៨ ករណីក្នុងនោះ បានឆ្លើយតបរួចចំនួន ៩៥ លិខិត/ករណី។