(ខេត្តព្រះវិហារ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់ ទទួលបានពីសប្បុរជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការរស់នៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញយកមកប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក ប្រចាំខេត្តព្រះវិហារ ដែលគិតមកដល់ពេលនេះ សរុបជាង២០លើកមកហើយ។
ពិធីប្រគល់ និងទទួលអំណោយនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅទីបញ្ជាការស្រាលកងអង្គរក្ស ដោយដឹកនាំដោយឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងទទួលដោយផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន។ ឯកឧត្តម អ៊ឹមរ៉ន ហាស្សាន់ បានឱ្យដឹងទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ទាំងទិសប្រាសាទព្រះវិហារ និងឧត្តរមានជ័យ ជាច្រើនលើក មកហើយខណៈដែលឯកឧត្តមផ្ទាល់បានដឹកនាំក្រុមការងារចុះនាំយកមកដោយផ្ទាល់ទាំងលើកនេះ សរុប ៤លើក។
ជាមួយគ្នានេះ ឯកឧត្តម អ៊ឹម រ៉ន ហាស្សាន់ បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លាបានពី ប្រជាជនរដ្ឋចូលរួម ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពាន យ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។ ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនេះជាទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលតែងតែចូលរួមចែកធនធាន តាមលទ្ធលភាពរៀងៗខ្លួន ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននឹងកំពុងជម្លៀសចេញពីផ្ទះសម្បែង មកទីកន្លែងសុវត្ថិភាព តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញ ពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរស្រលាញ់ខ្មែរ ក្នុងស្មារតីខ្មែរជួយខ្មែរ។
ជំនួសមុខឱ្យបងប្អូនវីរកងទ័ព ដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការងកងអង្គរក្ស សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងក្រុមកាងារ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញេ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។
បន្ថែមលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ពិរុណ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ដែលបានឧបត្ថម្ភ នូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយកងកម្លាំងទាំងអស់គ្នា និងបានប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងអង្គរក្ស នាពេលនេះ មានប្រមាណជិត១០មុខ ដូចជាអង្ករ ខ្ទឹមស ត្រីប្រឡាក់ បាយក្តាំង នំចម្រុះ និងសៀងប្រៃ-ផ្អែម៕









