ឯកឧត្ដម ឃួង ស្រេង៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និង​សម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ​ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បានបញ្ជាក់ថា៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិង​សម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ​ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំង ១៥.០០០សម្រាប់ ចង្ក្រានហ្គេស ១៧.០០០ចង្រ្កាន​ និង​កំប៉ុង​ហ្គាស​ចំនួន​ ៣៤.០០០កំប៉ុងផងដែរ។

តាមបញ្ជាក់របស់ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤​ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ​ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម​ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋយើងបាន​សាមគ្គី​ភាពជាធ្នុងមួយក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។​ ចំណុចនេះបានធ្វើឱ្យប្រជា​ពលរដ្ឋ​កម្ពុជាបានមើលឃើញយ៉ាងច្បាស់​ ពីតួនាទីដែលមិនអាចខ្វះបានរបស់វីរកងទ័ពដែលជាខឿនការពារជាតិ​ ប្រជាជន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។​ បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់បានធ្វើកិច្ចការងារព្រមៗគ្នា ជុំវិញការលើកទឹកចិត្ត ផ្តល់នូវទំនុកចិត្តជាខ្នងបង្អែក​នៃខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដែលបានលើកទឹកចិត្តដល់​វីរកងទ័ពឱ្យកាន់តែមានភាពក្លាហាន។ រាជធានីភ្នំពេញយើងក៏បានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋល្អ ដើម្បីធ្វើកិច្ចការការងារបម្រើឱ្យជួរមុខ ទាំង​សម្ភារថវិកា និងស្មារតីបានយ៉ាងល្អប្រសើរ។​ បន្ថែមពីនេះទៀតប្រជាពលរដ្ឋ ព្រះសង្ឃទាំង២គណៈ បានធ្វើសកម្មភាពផ្សេងៗច្រើនទៀត ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញ ពីការ​ឈ្លានពាន​របស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា កម្ពុជាចង់បានសន្តិភាព។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញ​ បានរួមគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ​ សម្ភារផ្សេងៗ​ ព្រមទាំង​មានថវិកាជូនទៅដល់បង​ប្អូន​វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។ ឯកឧត្ដមបន្ថែមថា៖ ក្រៅពីការងារខាងលើ ការងាររក្សាសន្តិសុខ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​របៀប​រៀបរយ​ក្នុងរាជធានីភ្នំពេញយើងក៏បានអនុវត្តបានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាបល្បែងស៊ីសង់តាមអនឡាញបានជាច្រើនកន្លែងផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម​ ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីបម្រើការងារទទួល និងបញ្ជូនគ្រឿងឧបភោគបរិភោគ​ និងសម្ភារផ្សេងៗ​ ជូន​ដល់បងប្អូនជនភៀសសឹក​ បងប្អូន​វីរកងទ័ពជួរមុខ ដោយមិនបានសំរាកឡើយទោះបីជាថ្ងៃសៅរ៍​ថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងឈាមដែលស្រក់នៅតាមព្រំដែន។​ ជាមួយគ្នានោះយើងក៏មិនអាចភ្លេចបានចំពោះក្រុមការងារផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាប្រព័ន្ធអនឡាញដែលធ្វេី​ការ​ផ្សព្វផ្សាយ​ មិនបានធ្វើខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​នៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័ណ្ឌច្រឡំ ដោយបានស្តាប់នូវការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ក៏ដូចជារាជរដ្ឋាភិបាល។​ នេះបញ្ជាក់ឱ្យឃើញ ពីមហាសាមគ្គីភាព ដែលយើងមិនអាចភ្លេចបាន។

គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ​ កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ៕