(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ បើកដំណើរការកែសន្លឹកកិច្ចការ និងពិនិត្យដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជននៃការប្រឡងប្រជែងដំណាក់កាលទី២ មន្ត្រីច្បាប់ នៃក្រុមប្រឹក្សាអ្នកច្បាប់ ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ កម្មវិធីនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។
កំណែសន្លឹកកិច្ចការ ចាប់ផ្តើមតាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ អ្នកសង្កេតការណ៍មហាជនដែលបានចុះឈ្មោះ សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកសារព័ត៌មាន ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ស្របពេលជាមួយនឹងការកែសន្លឹកកិច្ចការនេះដែរ ការប្រឡងប្រជែងជ្រើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសួរផ្ទាល់មាត់) នឹងចាប់ផ្តើមក្នុងពេលដំណើរគ្នា។
សូមរំលឹកផងដែរថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) មានបេក្ខជន ២៤នាក់ ចូលរួមប្រឡងប្រជែងដែលបានបញ្ចប់ទៅកាលពីម្សិលមិញ ហើយសម្រាប់ការជ្រើសរើសគឺត្រឹមតែ ៨នាក់ប៉ុណ្ណោះ៕











