លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូបវិលត្រលប់មកពីប្រទេសថៃ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូបដែលទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.កស្របតាមការអំពាវនាវ របស់ រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែង កំពុងនៅរង់ចាំ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ នាពេលកន្លងមកដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញឬធ្វើការប្រមាថណាមួយហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានសម្រុកធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញយ៉ាងច្រើនដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុកការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ទៅស្រុកកំណើតវិញដោយ ឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។

លោកជំទាវ មានប្រសាសន៍រំលឹកថារាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញដោយបច្ចុប្បន្ន នៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង៧ម៉ឺននាក់ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន ពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរ ដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាព ប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួនជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។