ឯកឧត្តម សុខ លូ បាននាំយកអំណោយសប្បុរសម៌ ជូនលោកវរសេនីយ៍ឯក សង់ លីហុក រងរបួសក្នុងសមរភូមិជួរមុខ

(ខេត្តបាត់ដំបង)៖ នៅព្រឹកអាទិត្យ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំសហការីចុះសួរសុខទុក្ខ និង នាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ លោកវរសេនីយ៍ឯក សង់ លីហុក នាយសេនាធិការរងកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការរងប្រចាំទិសភ្នំខ្មោច ខេត្តព្រវិហារ បានរងរបួស នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ ដែលកំពុងស្នាក់នៅព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះឯកឧត្តមប្រធាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ព្រមទាំងនាំយក អំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វីរកងទ័ពជួរមុខ។

លើសពីនេះឯកឧត្តម សុខ លូ ក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនវីរយុទ្ធជនរងរបួសឱ្យសម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយឡើងវិញ៕