(ឧត្តរមានជ័យ)៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។
ការចុះទៅពិនិត្យនេះ ដឹកនាំដោយឯកឧត្តម កាន់ ផារិទ្ធ និងឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០គ្រួសារ ស្មើមនុស្សចំនួន១,៧៦៤នាក់៕









