ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែររាប់ម៉ឺននាក់ បានបន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ របស់រដ្ឋបាលខេត្ត បន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រឡប់ទៅស្រុកកំណើតវិញ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយដោះស្រាយ និងសម្របសម្រួលជូន ២៤ម៉ោង/២៤ម៉ោង។

គួរកត់សម្គាល់ថា បន្ទាប់ពីភាគីថៃបានបង្កសង្រ្គាមឈ្លានពានតាមព្រំដែនជាមួយកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើង បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ៕