(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមកាងារដឹកនាំដោយ លោកវរសេនីយ៍ទោ យិន កុម្ភៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ត្រី ថន ញ៉ាញ នាយទាហាន នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រំដែនកម្ពុជា-ថៃទិសភ្នំទ្រព្យ កាលពីថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៣៩ឆ្នាំ។
មរណភាពរបស់ លោកអនុសេនីយ៍ត្រី ថន ញ៉ាញ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែល លោកបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូនៗ ឱ្យក្លាយទៅជា ធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ លោកអនុសេនីយ៍ត្រី ថន ញ៉ាញ បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយពួកចោរសៀមឈ្លានពានដែល បានបង្ហាញគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។នៅក្នុងឱកាសរំលែកទុក្ខដ៏ក្រៀមក្រំនេះ ក្រុមការងារក៏បាននាំយកថវិកាចំនួន ១,០០០,០០០រៀល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិតានីធម្មជាតិ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
សូមបួងសួងដល់តេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី ថន ញ៉ាញ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







