ឯកឧត្តម ឃួង ស្រេង ‎អញ្ជើញគោរព​វិញ្ញាណក្ខន្ធ​សពលោកអនុសេនីយ៍ឯក​ លៀម​ សំពៅមាស​ និងសព​លោក​អនុសេនីយ៍​ឯក​ ពោ​ វៃ​ ដែលបានពលីជីវិតក្នុងសង្រ្គាម នៅសមរភូមិមុខ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញអមដំណើរ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សពលោកអនុសេនីយ៍ឯក​ លៀម​ សំពៅមាស​ មន្ត្រីនគរបាល​នៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុង​ជន្មាយុ​ ៤៣ឆ្នាំ​ និងសព​លោក​អនុសេនីយ៍​ឯក​ ពោ​ វៃ​ យោធិន​នៃកងពលតូចអន្តរាគមន៍លេខ៨​ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ព​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ ក្នុង​ជន្មាយុ​ ៤៦ឆ្នាំ​ ដែលបានទទួល​មរណភាព​ក្នុង​បុព្វហេតុការពារជាតិ ការពារទឹកដីកម្ពុជា ពីការឈ្លានពានដោយកងទ័ពថៃ។

ក្នុងនោះឯកឧត្តម ឃួង ស្រេង ចាត់ទុកមរណៈភាពរបស់អ្នកទាំងពីរ គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកប ដោយព្រហ្មវិហារធម៌ ជាទីគោរពស្រលាញ់បំផុតដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗ ដល់កូន ក្មួយ និងចៅៗ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពសៀម ដែលធ្វើការឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជាយើង។
​
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ឃួង ស្រេង ក៏បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធអ្នកទាំងពីរ បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕