រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ ៣៣មុខ បានប្រគល់ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ ក្រោយពីទាហានថៃបានបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជា។
 
ពិធីប្រគល់ និងទទួលអំណោយដែលជាទឹកចិត្តរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្តម​ ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម​ ឃួង ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ប្រគល់ជូនលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជារងកងអង្គរក្ស នៅទីបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ។

ឯកឧត្តម​ ឯក ឃុនដឿន  អភិបាលរងរាជធានី ក្នុងឱកាសនោះបាននាំមកនូវការផ្តាំផ្ញើសួរសុខពីសំណាក់ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ និងជូនពរវីរកងទ័ពយើងទាំងអស់ សូមមានសុខភាពល្អ សុខសុវត្ថិភាព ឈ្នះអស់សត្រូវឈ្លានពាន។
 
បន្ថែមពីនេះ ឯកឧត្តម​ ឯក ឃុនដឿន ក៏បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ផងដែរ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលតែងតែចូលរួមចែកធនធានតាមលទ្ធលភាពរៀងៗខ្លួន ​ឧបត្ថម្ភ​ដល់​វីរកងទ័ព​ជួរមុខ​ និង​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​ ដែល​បាននឹងកំពុង​ជម្លៀស​ចេញ​ពីផ្ទះសម្បែងមកទីកន្លែង​សុវត្ថិភាព​ ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ​ខ្មែរ​ស្រលាញ់​ខ្មែរ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។
 
ឧត្តមសេនីយ៍ឯក​ សួន ពិរុណ មេបញ្ជារងកងអង្គរក្ស បានមានប្រសាសន៍ថា៖ ជំនួសមុខឱ្យវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខទាំងអស់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​បំផុត​ ចំពោះឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងក្រុមកាងាររដ្ឋបាលរាជធានីភ្នំពេញ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់សប្បុរសជននៅរាជធានីភ្នំពេញ និងអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនដល់កងទ័ពជួរមុខ។

ឧត្តមសេនីយ៍ឯក​ សួន ពិរុណ ក៏បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុតផងដែរ​ ចំពោះ​ទឹក​ចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនមុខ សម្រាប់វីរកងទ័ព ឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ ។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត។

អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់កងអង្គរក្សនាពេលនេះ រួមមាន៖  ថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ទឹកសុទ្ធ ទឹកក្រូច មី ភួយមុង អាវ អាវរងា អាវភ្លៀង កន្ទេល បន្លែ ត្រីសាច់ និង សម្ភារប្រើប្រាស់ផ្សេងៗប្រមាណចំនួន ៣៣មុខ សរុបទម្ងន់៥០តោន៕