មន្ត្រីព្រំដែននៅស្រុកកោះធំ អនុញ្ញាតឱ្យសាច់គោ និងភ្លៅមាន់ជាង​ ៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់!

(ភ្នំពេញ)៖ លោក ហ៊ុន​ សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិត​កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ​ក្រាម នាំចូល​ដោយគ្មានលិខិតអនុញ្ញាត​ពីប្រទេសវៀតណាម។

សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្ត​ចេញ​ពីវៀតណាម តាម​ច្រក​របៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា​ ឆ្នា៕២០២៥ ។

លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សា​ទុកនៅ​ទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍​តាមនីតិវិធី។

ប្រជាពលរដ្ឋសំណូមពរដល់រាជរដ្ឋាភិបាលស្រាវជ្រាវរកមន្ត្រីខិលខូចទាំងនេះយកមកអនុវត្តច្បាប់៕