(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្របឹងទន្លេសាប នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកវរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែ ដំបូងនៃរដូវកាលបិទនេសាទឆ្នាំ២០២៥ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បានបំពេញភារកិច្ចទទួលបានជោគជ័យ ដោយបានបំផ្លាញរបាំងស្បៃអួនខុសច្បាប់បាន១៣៨ របាំង ប្រវែង១៦.៤៦០ម៉ែត្រ
-បំផ្លាញ ឡុកចំនួន ២០៩ឡុក
-បំផ្លាញ លបលូ ចំនួន ២៥៣លូ។
បំផ្លាញរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន ៣៩៩របាំង ប្រវែង ២១.៩៧០ម៉ែត្រ
-បំផ្លាញ ឡុក បានចំនួន៥៥៧ឡុក
-បំផ្លាញលបឬលូបានចំនួន៥៦៦លប
*បំផ្លាញបង្គោលរបាំងបានចំនួន៣០១០៥ដើម
*ចាក់លែងត្រីចំនួន ៦៨១ គីឡូ។
ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់បានមួយចំនួនទៀតផងដែរ និងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះបទល្មើសនេសាទខុសច្បាប់មានការថយចុះ តែយើងមិនអាចដកថយបានឡើយ ដោយក្រុមជនល្មើសមួយចំនួននៅតែលបលួចបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងពេលដែលកងកម្លាំងយើងមានការឆកល្វែងក្នុងការប្រតិបត្តិការ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ ទទួលបានលទ្ធផលល្អប្រសើរ ។ ទោះបីកន្លងមក បងប្អូនជួបការលំបាកក្នុងការស្នាក់នៅ ដោយត្រូវភ្លៀងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតជម្រកស្នាក់នៅរបស់បងប្អូន។ ហើយមធ្យោបាយធ្វើដំណើរមានការខូចខាតច្រើនដែលត្រូវជួសជុលចំណាយថវិកាជាច្រើនផងដែរ តែបងប្អូននៅតែពុះពារតស៊ូគ្រប់ឧបសគ្គ អនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចទទួលបានជោគជ័យ គួរជាទីមោទនៈ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំង ចំនួន ៨០០លីត្រ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាព ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឲ្យទទួលបានជោគជ័យ ដោយគ្មានការដកថយឡើយ៕











