(ខេត្តកោះកុង)៖ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន សូមបន្តផ្តល់ព័ត៌មានដូចជា ការសង្ស័យពាក់ព័ន្ធ បទល្មើស ជនល្មើស…។ល។ ហើយសូមជួយចែករំលែកព័ត៌មានវិជ្ជមាន ដើម្បីជាប្រយោជន៍ដល់សាធារណជនបានជ្រួតជ្រាប ក្នុងទិសដៅជំរុញការអភិវឌ្ឍ និងកម្ពស់ជីវភាពរបស់ប្រជាជន ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក៏ដូចជា ផាសុកភាព ក្នុងខេត្តកោះកុង។
ការលើកឡើងយ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ ឈី វ៉ាអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្តកោះកុង បានបញ្ជាក់ជូនបន្ថែមទៅកាន់បងប្អូនមេត្តាប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ចៀសវាងការ ចែករំលែកព័ត៌មានដែលមិនពិត គ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់។ សូមផ្សព្វផ្សាយព័ត៌មានប្រកបដោយតុល្យភាព មិនលំអៀង។ ពោលគឺ កុំ លុះក្នុងអគតិទាំង៤ គឺ (ឆន្ទាគតិ) លំអៀងព្រោះ ស្រឡាញ់ (ទោសាគតិ) លំអៀងព្រោះ ស្អប់ (មោហាគតិ) លំអៀងព្រោះល្ងង់ និង(ភយាគតិ) លំអៀងព្រោះខ្លាច។
សូមបន្តលើកទឹកចិត្ត និងគាំទ្រការប្រតិបត្តិល្អរបស់អាជ្ញាធរ ហើយជួយជំរុញឱ្យ មានការចូលរួមពីសំណាក់មហាជនចំពោះសកម្មភាពអភិវឌ្ឍរបស់អាជ្ញាធរ។
ប្រភព៖ រដ្ឋបាលខេត្តកោះកុង














