(ខេត្តបន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅសង្កាត់ព្រះពន្លា, សង្កាត់ទឹកថ្លា , សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី បន្តធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ក៏ដូចជារស់នៅតាមខ្នងផ្ទះ សូមចូលរួមថែរក្សាសុខភាពបានល្អតាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ តាមរយៈ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ចំពោះកូនចៅតូចៗមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលេងទឹកឡេីយក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង។
ព្រមជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយផ្តល់ជូនដល់ប្រជាការពារ នៅក្នុងសង្កាត់កំពង់ស្វាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ហើយការចូលរួមនេះ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសុវត្ថិភាព ពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ















