អាជ្ញាធរខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ៤២៥គ្រួសារ ក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី

(ខេត្តកំពត)៖ ប្រជាពលរដ្ឋចំនួន ៤២៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី រួមមាន៖ ភូមិដំណាក់ឈើក្រំ ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ភូមិត្រពាំងវែង ឃុំត្រពាំងរាំង ភូមិស្រែចែង ឃុំស្រែចែង ភូមិកណ្តាល ភូមិមនោណុប និងភូមិឈើទាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត បានមកចូលរួមទទួលយកបណ្ណកម្មសិទ្ធពីអជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នាសាលាស្រុកជុំគិរី។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កិច្ចការងារវាស់វែងដីធ្លី និងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើក្បាលដីប៉ាន់ស្មាននៅទូទាំងខេត្តសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដី ត្រូវក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការវាស់វែងរួចរាល់ ហើយបណ្ណកម្មសិទ្ធប្រមាណជាង ៦២ម៉ឺនបណ្ណក៏បានចែកជូនដល់ដៃប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។

ទន្ទឹមនឹងនោះក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអនុវត្តគោលនយោបាយដីធ្លី ក៏ដូចបន្តជាអនុវត្តន៍នូវគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី សម្តេចបានជំរុញដល់អាជ្ញាធរខេត្ត មន្ទីរជំនាញ ក៏ដូចជាអាជ្ញាមូលដ្ឋាន ត្រូវចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋឱ្យបានរួចរាល់ និងឆាប់រហ័សបំផុត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋអាចប្រើប្រាស់ដីស្របច្បាប់ និងទាញយកផលប្រយោជន៍ពីវិស័យដីធ្លី ពិសេសកាត់បន្ថយ និងឈានដល់បញ្ចប់នូវវិវាទដីធ្លីទាំងស្រុងនៅទូទាំងប្រទេស។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនមួយកំរិត ដោយការទាញយកផលប្រយោជន៍ពីវិស័យដីធ្លីដើម្បីបង្កើតមុខរបរផ្សេងៗ។ ទន្ទឹមនឹងនោះ វិវាទដីធ្លីជាច្រើនក៏ត្រូវបានបញ្ចប់ ដោយសារតែពលរដ្ឋម្នាក់ៗមានបណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីស្របច្បាប់ ដោយមិនអាចមាននរណាម្នាក់បំពាន ឬរំលោភយកបាននោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពត ក៏បានជំរុញដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាឱ្យបានល្អប្រសើរបន្តទៀត ដើម្បីពន្លឿនកិច្ចការងារចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៦ខាងមុខនេះ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានស្នើដល់ពលរដ្ឋដែលមានបណ្ណកម្មសិទ្ធទាំងអស់ សូមកុំឱ្យកើតមាននូវវិវាទដីធ្លី ព្រោះមុននឹងចេញបណ្ណកម្មសិទ្ធនេះ គឺបងប្អូនបានឯកភាពទទួលយកនូវអ្វីដែលជារបស់ខ្លួនរួចហើយ តែបើមានករណីវិវាទដីធ្លីកើតឡើង គឺបងប្អូនត្រូវចំណាយពេលវេលាទៅដោះស្រាយតាមប្រព័ន្ធច្បាប់ គឺតុលាការ មិនអាចដោះស្រាយនៅថ្នាក់ឃុំ-សង្កាត់ ក្រុង-ស្រុក ឬខេត្តបាននោះឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត