(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ មានគោលបំណង ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងារនិងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងអាណត្តិទី៥ ជាមួយនឹងការកំណត់ទិសដៅ វិធានការ និងអនុសាសន៍គន្លឹះៗសំដៅគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឱ្យបំពេញតួនាទីកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងឆ្លើយតបបានកាន់តែល្អប្រសើរចំពោះ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

