រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ ពីអង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍

(អូស្រ្តាលី)៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសអូស្រ្តាលី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូចូលរួមសន្និសីទពិភពលោក លើកទី១១ របស់សម្ព័ន្ធភាពសម្រាប់សុខុមាលភាពទីក្រុង និងទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក លើកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍តាមរយៈការអនុវត្តគម្រោង «ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយវិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង» (The 11th Global Conference of the Alliance for Healthy Cities and the 2026 WHO Healthy Cities Recognition Awards)។

ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្នាំនេះរាជធានីភ្នំពេញ ពិតជាទទួលបានកិត្តិយសយ៉ាងធំធេង ដែលអង្គការសុខភាពពិភពលោក បានការធ្វើវាយតម្លៃ និងផ្តល់ជាពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកែលម្អ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើន ការពង្រឹងប្រព័ន្ធអប់រំ និងសុខាភិបាលនៅថ្នាក់មូលដ្ឋាន ការអភិវឌ្ឍប្រព័ន្ធចរាចរណ៍ និងដឹកជញ្ជូន តាមរយៈការរៀបចំឱ្យមានរថយន្តក្រុងសាធារណៈ និងការរៀបចំផែនការមេសម្រាប់ការងារដឹកជញ្ជូន និងការកាត់បន្ថយជាអតិបរមានូវអត្រាគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺមិនឆ្លង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ មធ្យោបាយធ្វើដំណើរ និងសំណង់នគររូបនីយកម្មយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។

លោកស្រី អ្នកនាំពាក្យ បានបន្តទៀតថា មិនមែនជាការចៃដន្យទេ ដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានអង្គការពិភពលោកទទួលស្គាល់ និងផ្តល់នូវពានរង្វាន់នាពេលនេះទេ។ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្តាញភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (PHC) ចាប់ពីឆ្នាំ២០១៧ រហូតមកដល់ សព្វថ្ងៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការអនុវត្តនូវគម្រោងធំៗមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយជម្ងឺមិនឆ្លង ក្នុងនោះ រួមមាន៖ គម្រោងលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា, គម្រោងកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង និងគម្រោងគ្មានការបង្ហុយផ្សែងបារីនៅតំបន់ទេសចរណ៍ផ្លូវថ្មើរជើងចតុមុខជាដើម។

លោកស្រី បានបន្តទៀតថា កាលពីឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដាក់ចេញ និងអនុវត្តសាកល្បងនូវគម្រោង «រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន» ដោយបានជ្រើសរើសយកតំបន់សាលារៀនចំនួន ២ គឺ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម-វិទ្យាល័យហ៊ុនសែនចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានីភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតំបន់នោះ។

សូមបញ្ជាក់ថា ៖ មានទីក្រុងជាង ១៥០ទីក្រុងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកបានដាក់ពាក្យ ដើម្បីទទួលបានការវាយតម្លៃ និងជ្រើសរើសប្រគល់ពានរង្វាន់នេះ ហើយទីក្រុងដែលជាប់មានចំនួន៨ រាប់ទាំងរាជធានីភ្នំពេញ ផងដែរ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ