(ភ្នំពេញ)៖ ក្មេងៗមួយក្រុមដើរលេងនៅក្នុងវត្ត ក៏បានប្រទេះឃើញកាបូបស្ពាយពណ៍ខ្មៅមួយនៅក្រោមដើមពោធិ៍ក្បែរស្រះទឹក ហើយពួកគេក៏រើសយកមកបើកមើល ស្រាប់តែប្រទះឃើញកាំភ្លើងខ្លី១ដើម ព្រមទាំងបង់កាំភ្លើងចំនួន២ដែលមានគ្រាប់ពេញ រួចក៏ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចឲ្យទៅពិនិត្យមើល ហេតុការណ៍នេះកើតឡើងម៉ោង១០,:៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមដើមពោធិ៍វត្តទួល សុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមមន្ត្រីនគរបាលបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ ទទួលដំណឹងថា មានក្មេងៗមួយក្រុមបានដើរលេងនៅក្នុងវត្តទួល សុភាឃួន ហើយពេលទៅដល់ចំណុចកើតហេតុ បានប្រទះឃើញកាបូបស្ពាយពណ៍
ខ្មៅមួយនៅក្រោមដើមពោធិ៍ហើយមានកាំភ្លើងខ្លីនៅក្នុងនោះ១ដើមផង។ ក្រោយពេលដឹងរឿងនោះភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ក៏ចុះទៅពិនិត្យមើល ហើយពិតជាបានឃើញកាំភ្លើងខ្លីម៉ាកប៉េអាកុល១ដើមនៅក្នុងកាបូបនោះមែន មានបង់កាំភ្លើងចំនួន២ មានគ្រាប់ចំនួន ១៦គ្រាប់ និងបណ្ណសម្គាល់អាវុធខ្លីសមូហភាព១សន្លឹកផងដែរ។
តាមនគរបាលបន្តថា ក្នុងបណ្ណសម្គាល់អាវុធខ្លីសមូហភាព ១សន្លឹកនោះមានលេខចុះបញ្ជី បខ៣៣៣៥ កពជ កងឯកភាពបញ្ជាការដ្ឋានកាំភ្លើងធំ អ ប ក អាវុធខ្លីM1991A1 លេខ825574 ចំពោះបណ្ណសម្គាល់អាវុធខ្លីនេះបានហួសសុពលភាពប្រើប្រាស់រយៈពេល៧ខែទៅហើយ ដោយថ្ងៃចេញប័ណ្ណ០២.០១.២០២៥ និងថ្ងៃផុតកំណត់០២.០១.២០២៦ ។
នគរបាលពុំទាន់ស្រាវជ្រាវដឹងថា ការយកកាបូបមានទាំងកាំភ្លើងខ្លីទៅប្លុងបែបនេះ ព្រោះតែចោរលួចកាបូបរបស់មន្រ្តីយោធាណាម្នាក់ រួចយកតែប្រាក់ ហើយបោះចោលកាបូបនិងកាំងភ្លើង ឬក៏ជាករណីអ្វីនៅឡើយទេ ? ក្រោយធ្វើការពិនិត្យទីតាំងកើតហេតុនិងតំបន់ជុំវិញទីនោះរួចមក នគរបាលយកកាំភ្លើង បង់កាំភ្លើង និងគ្រាប់ ព្រមទាំងបណ្ណសម្គាល់អាវុធខ្លីនោះទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំការស្រាវជ្រាវបន្ត៕








