ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះសួរសុខទុក្ខ រីរកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែក

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីរសារសួសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះដល់វីរកងទ័ព និងជូនពរឱ្យបានឆាប់ជាសះស្បេីយ។ ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ថា វីរកងទ័ព គឺជាគ្រឹះដ៏រឹងមាំ និងមានភក្តីភាពចំពោះជាតិមាតុភូមិ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន សាច់ស្រស់ ឈាមស្រស់ និងជីវិត ដើម្បីការពារទឹកដីអធិបតេយ្យភាព និងសន្តិភាពជូនប្រជាជន។ និងបានតស៊ូ មិនរាថយនៅចំពោះមុខឧបសគ្គ ឬគ្រោះថ្នាក់ ដោយឈរនៅលើស្មារតីប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីការពារជាតិមាតុភូមិ។

សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១២:៣៥នាទីរសៀល កងកម្លាំងរបស់កម្ពុជាបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។

នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់កម្ពុជា ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់។ ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញបានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជន។ ជាមួយគ្នានោះក្រសួងការពារជាតិ បន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត នៅបទឈប់បាញ់ដែលចូលជាធរមាន៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ