គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅភូមិគ្រឹះសម្តេចចំការមន។

គណៈប្រតិភូព្រឹទ្ធសភា បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូនសម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។

គណៈប្រតិភូព្រឹទ្ធសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក តាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចអគ្គមហាពញាចក្រី បានថ្លែងអំណរគុណ ចំពោះប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលា ចូលជួបសាកសួរសុខទុក្ខសម្តេច និងសម្តេចធម្មវិសុទ្ធវង្សា ដល់គេហដ្ឋាន និងជូនសព្ទសាធុការពរជ័យដល់ឯកឧត្តមបណ្ឌិត និងប្រតិភូ សមប្រកបដោយពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។