ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រវែង២៥០០ម៉ែត្រ ក្នុងភូមិពាក់ព័ន្ធចំនួន០៤ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និងមានរៀបចំពីធីជួបសំណេះសំណាល រួមទាំងផ្តល់អំណោយជូនដល់គ្រួសាររបស់វីរកងទ័ព និងវីរកងនគរបាលជាតិ ចំនួន២៥គ្រួសារ ផងដែរ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកលោកស្រីជាប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១១ ក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ លោកអភិបាលរងខណ្ឌមានជ័យ លោកចៅសង្កាត់ លោកលោកស្រីប្រធានភូមិ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្សំកុសល១ សន្សំកុសល២ សន្សំកុសល៤ និងភូមិសន្សំកុសល៥សរុប៤០០នាក់។

ឯកឧត្តម ជួន ណារិន្ទ បានមានប្រសាសន៍ផ្តែផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ពិសេសសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារវីរកងទ័ពនគរបាលជាតិ ទាំងអស់ នៅពេលនេះផងដែរ។

ឯកឧត្តម អំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តគាំទ្រគោលជំហរជឿជាក់ ទៅលើការដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលរបស់ជាតិ ដែលលោកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើតមានឡើងជាមួយប្រទេសជិតខាង ដោយឈរនៅលើជំហរសន្តិភាព និងតាមច្បាប់អន្តរជាតិ ពោលគឺការបញ្ចៀសសង្រ្គាមកុំឲ្យកើតមានឡើង។

ឆ្លៀតក្នុងឱកាសដដែលនេះ ឯកឧត្តម ក៏អំពាវនាវដល់ពលរដ្ឋទាំងអស់គ្នា សូមពហិការដាច់ណាត់លើការប្រើប្រាស់ផលិតផល និងទំនិញថៃ ព្រោះការឈឺចាប់ និងអាយុជីវិតកងព័ទ នគរបាលជាតិ កងរាជអាវុធហត្ថ រួមទាំងអាយុជីវិតប្រជាជនខ្មែរជាច្រើនបានពលីក្នុងសមរភូមិឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃ។

ឯកឧត្តមស្នងការក៏បានណែនាំដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបឹងទំពន់ទី១ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស បង្ការទប់ស្កាត់និងបង្រ្កាបក្មេងទំនើង អំពើលួច ឆក់និងប្លន់ online scams និងបន្តគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់។ណែនាំបន្តផ្តល់សេវា ឲ្យកាន់តែលឿនឆាប់រហ័ស ជូនប្រជាពលរដ្ឋ ជាពិសេសមិនត្រូវរើសអើងចំពោះប្រជាពលរដ្ឋណានោះឡើយ ពោលគឺការបន្តគិតគូរយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន។

ក្រោយចប់ពិធីសំណេះសំណាល ឯកឧត្តមប្រធានគណៈអធិបតី ក៏បានប្រកាសជាផ្លូវការណ៍បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២៥០០ម៉ែត្រ ( ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៦ ) ដែលបម្រើឲ្យផលប្រយោជន៍មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋ០៤ភូមិប៉ុណ្ណោះទេ និងនិយាយជារួម សម្រាប់ពលរដ្ឋគ្រប់គ្នាក្នុងមូលដ្ឋាន៕