ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ដែលត្រូវបំពេញបេសកកម្ម នាពេលខាងមុខ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថ្លែងអំណរគុណចំពោះការលះបង់មួយដ៏ធំធេងរបស់ប្អូនៗកងកម្លាំងនៃស្នងការនគរបាលខេត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ឆ្លើយតបទៅនឹងតម្រូវការស្ថានភាពប្រទេសជាតិកំពុងមានជម្លោះព្រំដែន ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយផងដែរ។

ឯកឧត្តមអភិបាលខេត្តក្រចេះ បន្តថា រាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់គ្រួសារកងទ័ពជួរមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ អំពីក្រុមគ្រួសាររបស់គាត់ ត្រូវបានយកចិត្តទុកដាក់មើលការខុសត្រូវ និងមិនបោះបង់ចោលឡើយ នោះធ្វើឲ្យស្មារតី ក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហានមោះមុត ក្នុងការការពារបូរណភាពទឹកដី ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត និងបានផ្តាំផ្ញើដល់កងកម្លាំង សូមខិតខំគោរពវិន័យតាមបទបញ្ជា ត្រូវមានការប្រុងប្រយ័ត្នអំពីស្ថានភាព និងអាកាសធាតុ ត្រូវមានអនាម័យជាប់ជានិច្ច ដើម្បីគេចផុតពីជំងឺនានាក្នុងដូវវស្សា៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ