ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសួរសុខទុក្ខ និងពិនិត្យជីវភាពការងារជាក់ស្ដែង របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ ស្ថិតនៅឃុំរូងជ្រៃ

(ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបង បានអញ្ជើញឆៀងចូលសួរសុខទុក្ខ និងពិនិត្យជីវភាពការងារជាក់ស្ដែង របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ ស្ថិតនៅឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសរសើរ និងលើកទឹកចិត្ត មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលយើង ដែលនៅប្រចាំការ បំពេញការងារជាធម្មតា បន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់។ ក្នុងពេលកំពុងជួបពិភាក្សា ក៏ឃើញមានពលរដ្ឋ មកស្នើសុំសេវាអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជាបន្តបន្ទាប់ដែរ។

ក្នុងជំនួបពុំបានជូនដំណឹងជាមុននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទទួលព័ត៌មានមួយចំនួន ពីនាយប៉ុស្តិ៍ និងមន្ត្រី អំពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ការងារសេវាអត្តសញ្ញាណកម្ម និងស្ថិតិ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបំពេញការងារជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏ទទួលបាននូវសំណើ សំណូមពរ ពាក់ព័ន្ធការបំពេញការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលជាមូលដ្ឋានរួមចំណែក សម្រាប់ការពិចារណា ដាក់ចេញវិធីសាស្ត្រ និងដំណោះស្រាយចំពោះមុខ និងការរៀបចំផែនការកំណែទម្រង់ជាបន្តបន្ទាប់សម្រាប់រយៈពេលវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចូលពិនិត្យ និងសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មន្ត្រីបម្រើការងារនៅយន្តកាច្រកចេញចូលតែមួយ ដែលកំពុងប្រចាំការបំពេញការងារ និងផ្ដល់សេវាជូនប្រជាពលរដ្ឋផងដែរ៕