ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

សេចក្តីព្រាងច្បាប់ស្តីពីជលផលនេះ​ រៀបចំឡេីងក្នុងគោលបំណងគ្រប់គ្រង​ អភិរក្ស​ និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព​ សំដៅបន្តធានាសន្តិសុខស្បៀង​ ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច​និងបរិស្ថាន​ ព្រមទាំងការពារសិទ្ធិ​និងផលប្រយោជន៍របស់ប្រជានេសាទ​ សហគមន៍នេសាទ​ វារីវប្បករ​ និងអាជីវករ​ ស្របតាមបរិបទនៃការរីកចម្រេីន​សេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា​ និងចូលរួមក្នុងការគ្រប់គ្រងនិងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់​និងអន្តរជាតិ​ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធ​នឹងការនេសាទខុសច្បាប់​ គ្មានរបាយការណ៍​ និងគ្មានបញ្ញត្តិ៕