(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមក្រុងសិរីសោភ័ណ សង្កាត់ បានអញ្ជើញចូលរួមប្រគល់ផ្ទះមួយខ្នងជូនដល់អុំស្រី ឃឹម អូន ភេទស្រី អាយុ៦៩ឆ្នាំ មានជីវភាពខ្វះខាត នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម អ៊ុំ រាត្រី បាននាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទ មុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្តថា ដោយមើលឃើញអំពីស្ថានភាពលំបាករបស់អុំស្រី ឃឹម អូន មានជីវភាពខ្វះខាត ហេីយផ្ទះត្រូវបានកូនប្រុសញៀនថ្នាំ ចាក់សាំងដុតបំផ្លាញចោល កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដោយក្នុងបន្ទុកមានសមាជិកចំនួន៥នាក់ (ស្រី៣នាក់) ទេីបសាខាកាកបាទក្រហមកម្ពុជាខេត្ត ធ្វេីការសាងសង់ផ្ទះជូនអុំស្រីដើម្បីបានទីលំនៅសមរម្យរស់នៅ។
ឯកឧត្ដម អ៊ុំ រាត្រី បញ្ជាក់ថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌ សម្បុរ ឡេីយ ទីណាមានទុក្ខទីនោះតែងមានកាកបាទក្រហមនៅក្បែរជានិច្ច។
ជាមួយនឹងការប្រគល់ផ្ទះខាងលេី សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានបន្ថែមនូវអំណោយមានអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមនឹងថវិកាមួយចំនួនជូនអុំស្រី ឃឹម អូន ផងដែរ។ ក្នុងនោះអ្នកចូលរួម មានស្ត្រីមានផ្ទៃពោះ និងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក៏ទទួលបានអំណោយ និងថវិកាមួយចំនួនផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ













