(ខេត្តកណ្តាល)៖ មូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាងបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីមួយសំបុកធំសំងំជួញដូរប្រើប្រាស់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួន១៦នាក់ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ ( ហ្គោលអន) កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៏ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកស្អាង បានប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ក្រុមជនសង្ស័យទាំង១៦នាក់ មានបុរសចំនួន ១១នាក់ ស្រីចំនួន០៥នាក់ (វិជ្ជមានសារធាតុញៀនចំនួន១៥នាក់) ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់៤៤ឆ្នាំ ក្នុងនោះមានមេការផ្ទះសំណាក់ ០១នាក់ មានទីលំនៅ ក្នុងស្រុកស្អាងចំនួន១២នាក់ ស្រុកកោះធំ ចំនួន ០៣នាក់ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន០១នាក់។
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧ កញ្ចប់ និងសម្ភារ:ប្រើប្រាស់មួយចំនួន, បារីអេឡិចត្រូនិចចំនួន០៤ដើម,រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0231, ទូរសព្ធដៃចំនួន០៧គ្រឿង,ម៉ូតូចំនួន០៤គ្រឿង ម៉ាក SONIC ពណ៍ខៀវមួយគ្រឿង (គ្មានផ្លាកលេខ) ម៉ាកគូបជ្រុង ពណ៌ខៀវមួយគ្រឿង (គ្មានផ្លាកលេខ) ម៉ាក C125 ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខ 1AN -4008, ម៉ាកសេ125ពាក់ស្លាកលេខតាកែវ1P-7155 ។
លោកមេបញ្ជាការអាវុធហត្ថស្រុកស្អាត បានបន្តទៀតថា ក្រោយធ្វើការតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្នត់ចត់ ក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀន ជិះម៉ូតូចូលក្នុងផ្ទះសំណាក់យីហោ (ហ្គោអន) ទីតាំងកើតហេតុ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាង់ពីលោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីលោក សេង វុធ អភិបាលរងស្រុកស្អាង លោកមេបញ្ជាការបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់ទីតាំងកើតហេតុ។
ជាលទ្ធផលនៅក្នុងសំណាក់ (ហ្គោលអន) ក្នុងបន្ទប់លេខ 66 បន្ទប់លេខ 08 បន្ទប់លេខ03 និងបន្ទប់លេខ04 ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ១៥នាក់ និងបន្តដល់ម៉ោង១១និង២០នាទីថ្ងៃទី ១៧ខែមីនាឆ្នាំ២០២៦ កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សម្បត្តិ សុខហេង នៅចំណុចផ្លូវលេខ 23 ស្ថឹតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ។
ជនសង្ស័យបានសារភាពថា ថ្នាំញៀនបានទិញ ក្នុងតំលៃចាប់ពី ៧៥០.០០០រៀល ( ចិតសិបប្រាំម៉ឺនរៀល) ដល់ ៣.០០០.០០០រៀល (បីលានរៀល ) ពីឈ្មោះឆេង ចាន់ណា ឯ ឈ្មោះ ឆេង ចាន់ណា បានទិញពី ឈ្មោះថាញ់ ភេទប្រុសអាយុប្រហែល៥០ឆ្នាំ នៅម្តុំផ្លូវ ៦០ម៉ែត្រ រាជធានីភ្នំពេញ ដើម្បីយកមករំលែកវិចខ្ចប់ ជួញដូរបន្តនិងប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់ រួមនិងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីបន្តនិតិវិធី៕












