(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជាសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃ ជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ បានសម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
ការជ្រើសរើសព្រះអង្គជាព្រះមហហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិ នៅថ្ងៃទី៧ តុលា ឆ្នាំ២០០៤។ ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុត តាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។
មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។










