ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យស្ថានភាពប្រឡាទឹកភូមិចាក់ជ្រូក និងប្រឡាយចំការឪឡឹក ដើម្បីឱ្យអាជ្ញាធរ ស្តាររំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យប្រឡាយ​ត្រពាំង​ជ្រៃ​ ក្នុង​សង្កាត់​កាកាបទី២​ ជាប់​សង្កាត់​សំរោង​ក្រោម​ និងបន្តពិនិត្យមើលប្រឡាយចំការឪឡឹក ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ធ្វើការស្តារប្រឡាយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនាភូមិដ្ឋានប្រជាពលរដ្ឋនៅតំបន់នេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិសែនជ័យ ជីកស្តារប្រឡាយ​ត្រពាំង​ជ្រៃ និងស្តារប្រឡាយចំការឪឡឹក ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គល។

ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំងខាងមុខនេះ ការដ្ឋានដាក់លូប្រអប់នេះនឹងចាប់ផ្តើមការដ្ឋានតែម្តង៕