អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀន

(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ” រួមគ្នា បង្ការទប់ ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ” និងពិធីដុតបំផ្លាញគ្រឿងញៀនទម្ងន់ ២ ៤៨១,៥ក្រាម កញ្ជាក្រៀមទម្ងន់ ៣ ៩១០ក្រាម គ្រាប់ពូជកញ្ជាទម្ងន់ ១៣៣,៨៧ក្រាម និងដើមកញ្ជាស្រស់១៤០០ដើម នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានរាយការណ៍ ៖ ចំពោះការងារអនុវត្តច្បាប់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ និងស្ថាប័នពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើស គ្រឿងញៀនគ្រប់ប្រភេទ ជាក់ស្តែងនៅក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៩២ករណី ចាប់ខ្លួនជនសង្ស័យចំនួន ១៥៦នាក់ (ស្រី០៧នាក់) និងដកហូតបានសម្ភារវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៦០០កញ្ចប់ មានទម្ងន់ស្មើ ១៧៨៣.៩៤ក្រាម, សារធាតុមិនច្បាស់លាស់ចំនួន ០១កញ្ចប់ ទម្ងន់ស្មើ ១.៨៧ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១៨គ្រឿង, ម៉ូតូចំនួន ៥៨គ្រឿង, ទូរស័ព្ទចំនួន ១២៨គ្រឿង, ប្រាក់រៀលចំនួន ៤៥៧,០០០រៀល និងសម្ភារៈផ្សេងៗ មួយចំនួនទៀត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ មានប្រសាសន៍ និងគូសបញ្ជាពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃស្ថានភាព គ្រឿងញៀននៅខេត្តក្រចេះ ដែលយើងទាំងអស់គ្នាគប្បីផ្តោតការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត៖
១).មន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាន់តែមានការកើនឡើងជារៀងរាល់ឆ្នាំ។
២).ការងារផ្សព្វផ្សាយពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ធ្វើបានច្រើន ក៏ប៉ុន្តែហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
៣).ជនល្មើសដែលត្រូវបានផ្តន្ទាទោសរួចរាល់ហើយនៅពេលដែលចេញពីពន្ធនាគារមកវិញ ភាគច្រើនមិនមានការរាងចាលនៅតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនឡើងវិញដដែល។
៤).បទល្មើសជួញដូរគ្រឿងញៀនតូចតាចនៅក្នុងមូលដ្ឋាន ហាក់នៅមិនទាន់មានការថមថយនៅឡើយ។
៥).ការប្រើប្រាស់គ្រឿងញៀន ដោយបំពានបានជ្រួតជ្រាបដល់ស្រទាប់យុវវ័យ និងរីករាលដាល ទៅដល់តំបន់ជនបទដាច់ស្រយាល។

ឯកឧត្តម វ៉ា ថន មានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកប្រធានបទនៃទិវាសម្រាប់ឆ្នាំ២០២៥ នេះ គឺ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងជាពិសេសការអនុវត្តផែនការស្តីពី គ្រឿងញៀន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គ្រប់ដំណាក់កាល ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ និងឆន្ទៈមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកិច្ចការអាទិភាពមួយ ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការបន្តអនុវត្តនូវមរតកអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងវិធានការដ៏មុតស្រួចរបស់សម្តេច ស្តីពីការ “សម្អាតផ្ទះយើង សម្អាតចក ចេញពីបឹង”៕