ឯកឧត្តម គួច ចំរើន អញ្ជើញចូលលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះបណ្ដាលឱ្យស្លាប់ម្នាក់ នៅក្រុងតាខ្មៅ

(ខេត្តកណ្តាល)៖ នាសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន ០១គ្រួសារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង៣០នាទី ដែលបណ្ដាឲ្យ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះ បានស្លាប់ក្នុងពេលកើតហេតុ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានចូលលរួមរំលែកទុក្ខ និងនាំមកនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ ឯកឧត្ដម បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ដែលត្រូវតែបានគិតគូរ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមមួយដ៏ល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកផ្តល់ជូនដល់ប្រជាជនរងគ្រោះនាពេលនេះជាដើម ទោះបីវាមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកក្នុងការ ជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។ ឯកឧត្ដមក៏បានផ្តល់នូវការលើកទឹកចិត្តដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានភ្លើងឆាបឆេះផ្ទះសម្បែង គឺមិនត្រូវបាក់ទឹកចិត្ត និងការអស់សង្ឃឹមឡើយ ត្រូវបន្តការខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។

ជាមួយគ្នានេះផងដែរឯកឧត្ដមប្រធាន គួច ចំរើន បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសកម្លាំងបង្ការ និងពន្លត់អគ្គីភ័យទាំងអស់ ដែលបានសហការគ្នាល្អ ក្នុងការជួយពន្លត់អគ្គីភ័យមិនឱ្យមានការឆេះរាលដាលដល់ផ្ទះអ្នកដទៃថែមទៀត។

អំណោយដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះ ទទួលបានដូចជា៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកសុទ្ធ ១កេស ,ត្រីខកំប៉ុង ១យួរ ,ឃីត ១កញ្ចប់ ,សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៤ លានរៀល។