(ខេត្តតាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានចុះជួបសួរសុខទុក្ខ និងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវីរកងទ័ព ម៉ៅ ណុល រហ័សនាម «រ៉ាំបូស្រុកខ្មែរ» រស់នៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបង្ហាញភាពអង់អាចក្លាហាន តាមរយៈការប្រយុទ្ធតបតមិនពាក់អាវ ដោយមិនខ្លាចញញើតជាមួយក្រុមទាហានថៃ នោះឡើយនៅសមរភូមិប្រាសាទតាក្របី។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានកោតសសើរចំពោះវីរកងទ័ព ម៉ៅ ណុល និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និងភាពអង់អាចក្លាហាន ក្នុងការតស៊ូ ប្រយុទ្ធជាមួយខ្មាំង មិនឲ្យចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជាបានជាដាច់ខាត ហើយការលះបង់នេះ បានបង្ហាញពីគម្រូវីរភាពដ៏អង់អាចក្លាហានក្នុងនាមជាយោធាការពារទឹកដីកម្ពុជា។
ឯកឧត្តម វ៉ី សំណាង បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដី មិនឲ្យសត្រូវចូលមកឈ្លានពានបានឡើយ៕





