(បន្ទាយមានជ័យ)៖ នារសៀល ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពរងរបួសទាំងពីររូប។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានទទួលការផ្ដាំផ្ញើពីយុទ្ធជនទាំងពីររូប ដើម្បីថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ពជួរមុខ ហើយជូនពរឱ្យសម្ដេចទាំងពីររក្សាសុខភាពល្អ បន្តដឹកប្រទេសជាតិ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគោរពកងកម្លាំងទាំងអស់ ដែលបានធ្វើការលះបង់ខ្ពស់ ដោយភាពអង់អាច និងឆន្ទៈមោះមុត ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕








