កម្លាំងចម្រុះឆ្មក់បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងឆបោកតាមអនឡាញ Online Scam នៅខណ្ឌសែនសុខ!

(ភ្នំពេញ)៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកតាមអនឡាញ (Online Scams) ដែលមានទីតាំងនៅក្នុងអគារខុនដូរ លេខ៣៨២ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រតិបត្តិការចុះបង្រ្កាបនៅទីតាំងអគារខុនដូរ ៨ជាន់នេះ កម្លាំងចម្រុះត្រួតពិនិត្យបានឃាត់ខ្លួនជនជាតិចិនចំនួន ០៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។

ក្នុងនោះដែរ ក្រុមការងារក៏បានប្រមូលលិខិតឆ្លងដែន ចំនួន៨ ក្បាល និងចុងភៅ ចំនួន ៣នាក់ ស្រី១នាក់, អ្នកអនាម័យ ចំនួនម្នាក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យជនជាតិចិននិងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន។