លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី ផ្សព្វផ្សាយសភាពការណ៍ជាតិ.អន្តរជាតិ និងតួនាទីភារកិច្ចជូនសិក្ខាមពលទាហានថ្មីបំពេញឲ្យក្របខណ្ឌកងទ័ពជើងគោក

(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី៩ ខែកក្ដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយសភាពជាតិ អន្តរជាតិ និងតួនាទីភារកិច្ចជូនសិក្ខាពលទាហានថ្មីបំពេញឲ្យក្របខណ្ឌឲ្យកងទ័ពជើងគោក នៅសាលាពលទាហានយោធភូមិភាគពិសេស។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានមានប្រសាសន៍ថា៖ ពិភពលោកបច្ចុប្បន្នស្ថិតនៅជាពហុប៉ូល ក្នុងន័យនេះមហាអំណាចបានពង្រីកភូមិសាស្ត្រនយោបាយដើម្បីផលប្រយោជន៍ខ្លួន កត្តាទាំងនេះបានជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដល់លំនឹងសេដ្ឋកិច្ចពិភពលោក ពិសេសជះឥទ្ធិពលមិនល្អដល់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានបន្ថែមទៀតថា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយគន្លឹៈរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភាសំដៅធានាការអភិវឌ្ឍន៍ប្រកបទៅដោយថាមពល ភាពធន់ និងចីរភាព។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានលើកឡើងអំពីវិបត្តិសង្គ្រាមដែលនិងបានកំពុងកើតឡើងនៅក្នុងពិភពលោកដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចតំបន់ វិបត្តិជនភាសសឹក និងផលិតផលនានាមួយចំនួនទៀត។

ដោយឡែកសភាពការណ៍ជាតិ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានផ្សព្វផ្សាយពីសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលផ្ដើមឡើងពីកងទ័ពថៃចូលឈ្លានពាន និងបានបាញ់យុទ្ធមិត្តយើងដល់ក្នុងលេណដ្ឋានធ្វើឲ្យពលីយោធិនយើងម្នាក់ មកដល់បច្ចុប្បន្ននេះកងទ័ពប្រទេសទាំងពីរនៅតែប្រឈមមុខដាក់គ្នា ដោយមិនអាចដោះស្រាយកែប្រែទៅរកស្ថានការណ៍ដើមឲ្យមានប្រក្រតីឡើងវិញ។ ដោយកងទ័ពថៃនៅតែប្រើគ្រប់មធ្យោបាយកលល្បិច ដើម្បីដាក់គំនាបទាំងវិស័យយោធា និងសេដ្ឋកិច្ចមកលើភាគីកម្ពុជាយើង ជាពិសេសគឺគំរាមកំហែងបិទអុីនធឺណិត បិទភ្លើង បិទការនាំចូលឧស្ម័នប្រេង និងបិទច្រកព្រំដែនដោយឯកតោភាគីជាដើម។ល។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានបញ្ជាក់យ៉ាងច្បាស់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានការដឹកនាំដ៏ឈ្លាសវៃបានខិតខំរកគ្រប់មធ្យោបាយ ដើម្បីការពារទប់ទល់អំពីការឈ្លានពានរបស់ពួកបច្ចាមិត្តនៅគ្រប់ទម្រង់ ទាំងវិស័យយោធា សេដ្ឋកិច្ច និងនយោបាយ ជាពិសេសរាជរដ្ឋាភិបាលប្រកាន់គោលជំហរយ៉ាងច្បាស់លាស់ដោះស្រាយទំនាស់តាមសន្តិវិធី គឺនាំយកតំបន់ទាំងបួនរួមមានប្រសាទតាមន្តតូច ប្រាសាទតាមន្តធំ ប្រាសាទតាក្របី និងតំបន់មុំបីដាក់ទៅតុលាការអន្តរជាតិ(ICJ)។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌីន បានបញ្ជាក់បន្ថែមអំពី គោលជំហររាជរដ្ឋាភិបាលកម្ពុជា ការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ គឺកម្ពុជាចង់ដោះស្រាយតាមរបៀបសន្តិវិធី តែបើភាគីម្ខាងទៀតបង្ខំប្រើល្បិច និងកម្លាំងយោធានោះកម្ពុជាគ្មានជម្រើសឡើយមានតែវាយទប់ទល់ការពារកំដរដល់ទីបញ្ចប់។

លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានបញ្ជាក់ជូនដល់កងកម្លាំងយើងទាំងអស់ត្រូវមានស្មារតី និងឆន្ទៈមោះមុតស្រឡាញ់ទឹកដីស្រឡាញ់ជាតិមាតុភូមិការពារឲ្យបាននូវអធិបតេយ្យភាពជាតិ ដោយមិនឲ្យខ្មាំងសត្រូវរំលោភបំពាននៅគ្រប់ទម្រង់នៃការឈ្លានពានបានឡើយ និងជានិច្ចកាលធានាកម្លាំង សម្ភារៈគ្រឿងបំពាក់ មធ្យោបាយ ដើម្បីត្រៀមអនុវត្តមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ ពេលមានសភាពការណ៍ចាំបាច់៕