(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំប្រកបដោយភាពជាមនុស្សធម៌ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងពល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានប្រមូលផ្ដុំកងកម្លាំងរបស់អង្គភាពដែលស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងនាមជាមនុស្សធម៌ ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាលទ្ធផលបានចំនួន១០៩ផ្លោក។
នៅក្នុងឱកាសប្រមូលផ្ដុំកងកម្លាំងនោះ ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលបានមានប្រសាសន៍ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ច ការពាររដ្ធធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ដូចច្នេះយើងទាំងអស់គ្នាស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់នៅពេលនេះ គឺជាការប្រសើរបំផុតក្នុងការចូលរួមចំណែកការងារសង្គម និងជួយរំលែកដល់សេចក្ដីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្តភាពជាមនុស្សធម៌ របស់មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមស្រស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជួបប្រទះតែសេចក្ដីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕




