សពយុទ្ធជន សួន រោន ត្រូវបានដឹកយកទៅធ្វើបុណ្យនៅលំនៅដ្ឋានរបស់លោកនៅភូមិកំពេញ ឃុំឃាង ស្រុកជាំក្សាន្ត

(ខេត្តព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ជូនចំពោះក្រុមគ្រួសារសព។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕