(ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ” ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង-ស្រុក សិស្ស-និស្សិត យុវជន និងតាជី-យាយជី នៅសាលមហោស្រពខេត្ត ។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងបួងសួងដល់គុណព្រះរតនត្រ័យ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយព្រះបរមសុខ ក្នុងសុគតិភព។ និងសូមឱ្យព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គតាមជួយប្រោសប្រទានសាធុការពរជ័យដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព វិបុលភាព និងសុខក្សេមក្សាន្ត រុងរឿង ជាអង្វែងតរៀងទៅ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ









