រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ” ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម យុត ស្វិនី សមាជិក ក្រុម ប្រឹក្សា ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សា គណៈអភិបាលរងខេត្ត មន្ត្រីរាជការ មេបញ្ជាការ កងកម្លាំងប្រដាប់ អាវុធ អភិបាល ក្រុង-ស្រុកទាំង៩ សិស្ស-និស្សិត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរឹទ្ធខេត្ត តាជី-យាយជី បានអញ្ជើញចូលរួម ប្រារព្ធ នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានឡើងនូវជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងបានរំឭកអំពីស្នាដៃដ៏ធំធេងរបស់ព្រះអង្គ ដែលបានបន្សល់ទុកជូនដល់ប្រជា ប្រទេសកម្ពុជា។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏បាន និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល និងបួងសួងដល់គុណព្រះរតនត្រ័យ ថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយព្រះបរមសុខ ក្នុងសុគតិភព។ និងសូមឱ្យព្រះវិញ្ញាណក្ខន្ធ ដ៏សក្តិសិទ្ធិរបស់ព្រះអង្គតាមជួយប្រោសប្រទានសាធុការពរជ័យដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងប្រជារាស្ត្រខ្មែរ ទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព វិបុលភាព និងសុខក្សេមក្សាន្ត រុងរឿង ជាអង្វែងតរៀងទៅ។ ព្រមទាំងបានចែកអំណោយជូនតាជី យាយជី ចំនួន២០នាក់ ដែលបានចូលរួមផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ