(ភ្នំពេញ)៖ បុរសជនជាតិកូរ៉េម្នាក់ បើកបរឡាន១ គ្រឿង ជ្រុលបុកម៉ូតូពីក្រោយ រួចរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យក្រឡាប់កៀបជាប់មនុស្ស ២នាក់ ក្នុងឡានរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:១០នាទី រនាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិ១ សង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិកូរ៉េម្នាក់ រួមនឹងស្ត្រីជនជាតិកូរ៉េម្នាក់ បើកឡាន ១គ្រឿង ម៉ាក Hyundai Santafe ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-1604 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅឆ្វេងដៃ បណ្ដាលឱ្យបុកក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់បះជើងឡើងលើ។ ចំណែកឡានបានសង្កត់ទៅលើម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JG-4499 បណ្តាលឱ្យរងរបួសអ្នកបើកបរម៉ូតូផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យ រង់ចាំដោះស្រាយពេលក្រោយ៕




